យុវជន​កម្ពុជា ចែករំលែក​បទពិសោធ​ក្រោយពី​ចូលរួម​វេទិកា​យុវជន​អន្តរជាតិ INTERSELIGER 2014 នៅ​ប្រទេស​រុស្ស៊ី


20141011_08b

ពី ​ស្តាំ​ទៅ​ឆ្វេង​គឺ ១. លោក ព្រហ្ម មរកត ៣. លោក​សុខ សប្បាយណា ៤. លោក​កែវ លេនី ៥.កញ្ញា​យូ សុធារី និង​៧. លោក​ងួន វិឬទ្ធិយុទ្ធ។ រូបថត សហការី

Sat, 11 October 2014

កាលពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ដល់​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០១៤ យុវជន​កម្ពុជា ប្រាំរូប​បាន​ចូលរួម​ជា​លើក​ដំបូង​ក្នុង​វេទិកា​យុវជន​អន្តរជាតិ នៅ​ប្រទេស​រុស្សី។ ក្នុង​នោះ​យុវជន​បី​រូប​គឺ​មកពី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ដែល​រួមមាន លោក​សុខ សប្បាយណា លោកព្រហ្ម មរកត លោក​ងួន វិឬទ្ធិយុទ្ធ និង​យុវជន​ពីរ​រូប​ទៀត​មកពី​វិស័យ​ឯកជន​គឺ​លោក​កែវ លេនី និង​កញ្ញា​យូ សុធារី។

យោងតាម​ប្រភព​ព័ត៌មាន​ពី​ស្ថានទូត​សហព័ន្ធ​រុស្ស៊ី​ប្រចាំ​កម្ពុជា វេទិកា​យុវជន​អន្តរជាតិ​«Interseliger 2014» រៀបចំ​ឡើង​ក្នុង​គោលបំណង​ផ្តល់​ឱកាស​ឲ្យ​យុវជន​អន្តរជាតិ និង​យុវជន​រុស្ស៊ី​បាន​មក​ជួបជុំ​គ្នា​បង្កើត​ចំណង​មិត្តភាព​រវាង​គ្នា និង​គ្នា​ពិភាក្សា​យោបល់​ស្តីពី​បញ្ហា​ប្រឈម​នានា​ដែល​បាន​និង​កំពុង​កើតឡើង ​លើ​សកលលោក​យើង​សព្វ​ថ្ងៃនេះ និង​រួម​គ្នា​បង្កើត​ពិភពលោក​មួយ​ដែល​មនុស្ស​ទាំងអស់​ចង់​បាន។

វេទិកា​យុវជន​អន្តរជាតិ «Intergseliger 2014» នេះ​ត្រូវ​បាន​ផ្តោត​សំខាន់​លើ ប្រធានបទ​ធំៗ​ចំនួន​៣ គឺ​ការ​យល់ដឹង​ពី​សកលលោក ភាព​ជា​អ្នក​ដឹកនាំ និង​ការ​យល់ដឹង​អំពី​សហព័ន្ធ​រុស្ស៊ី។

ក្រោម​ប្រធានបទ «Dare To Shape The World You Dream Of» វេទិកា​យុវជន​អន្តរជាតិ​លើក​ទី​៥ នេះ​មាន​យុវជន​ចូលរួម​ចំនួន​៨០០​នាក់​មកពី​១៤៧​ប្រទេស​។ ចំពោះ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​មាន ចំនួន​៦​ប្រទេស គឺ​ប្រទេស​កម្ពុជា​(៥​នាក់) ប្រទេស​សិង្ហបុរី (១​នាក់) ប្រទេស​ម៉ាឡេស៊ី​(៥​នាក់) ប្រទេស​ឥណ្ឌូនេស៊ី​(២០​នាក់) ប្រទេស​វៀតណាម​(៧​នាក់) និង​ប្រទេស​ហ្វីលីពីន​(១​នាក់)។

អ្វី​ដែល​ប្រសើរ​ជាង​នេះ​ទៅ​ទៀត កម្មវិធី​នេះ បាន​ទទួល​នូវ​កិត្តិយស​ដ៏ខ្ពង់ខ្ពស់ ក្រោម​អធិបតីភាព​របស់​លោក វ្យ៉ា ឆេស្លាហ្វ នីកូណូហ្វ ប្រធាន​គណៈកម្មាធិការ​អប់រំ​នៃ​សភា​ឌូម៉ា ជា​សភា​ជាន់ទាប​នៃ​រដ្ឋសភា​សហព័ន្ធ​រុស្ស៊ី​ផង​ដែរ។
បន្ទាប់ពី​បាន​ចូលរួម លោក​សុខ សប្បាយ​ណា ប្រតិភូ​ម្នាក់​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ប្រាប់​ឲ្យ​ដឹង​ថា កម្មវិធី​នេះ​ជា​កម្មវិធី​មួយ​ដែល​ជួយ​ឲ្យ​យុវជន​បាន​រាប់រយ​ប្រទេស ឲ្យ​មាន​ឱកាស​បាន​ជួបជុំ​គ្នា និង​បាន​ចូលរួម​ស្ដាប់​វាគ្មិន​ដ៏​មាន​ទេពកោសល្យ​ក្នុង​ការ​បណ្ដុះ​ទឹកចិត្ត ​ឲ្យ​អ្នក​ចូលរួម​ចេះ​ពង្រឹង​សក្ដានុពល​នៃ​ភាព​ជា​អ្នក​ដឹកនាំ​ជាដើម។

លោក​សប្បាយ​ណា លើក​ឡើង​ថា៖ «ខ្ញុំ​ជឿជាក់​ថា ទោះបី​ជា​យើង​រស់នៅ​ក្នុង​ប្រទេស​ខុស​គ្នា​ក្ដី ទោះបី​ជា​យើង​កំពុង​តែ​ធ្វើ​រឿង​ផ្សេងៗ​គ្នា​ក្ដី ប៉ុន្តែ​គោលដៅ​របស់​យើង​គឺ​សុទ្ធតែ​ចង់​អភិវឌ្ឍ​ពិភពលោក​ទាំង​មូល​ឲ្យ​ក្លាយ ​ទៅ​ជា​កន្លែង​ដែល​កាន់តែ​ប្រសើរ​ឡើង​ដូចៗ​គ្នា»។

ប្រតិភូ​មួយ​រូប​ទៀត គឺ​លោកព្រហ្ម មរកត ក៏​បាន​លើក​ឡើង​ដែរ​ថា៖ «វេទិកា​នេះ​ជា​វេទិកា​យុវជន​អន្តរជាតិ​មួយ​ដ៏ធំ ដែល​មាន​យុវជន​មកពី​១៤៧​ប្រទេស​ចូលរួម។ ខ្ញុំ​គិត​ថា វា​ជា​ឱកាស​មួយ​ដ៏ល្អ​បំផុត​ក្នុង​នាម​ជា​យុវជន​ដើម្បី​ផ្លាស់ប្តូរ​បទពិសោធ ​ថ្មីៗ​ពី​សំណាក់​វាគ្មិន​ល្បីៗ​ក៏​ដូចជា​បណ្តា​យុវជន​ទាំង​៨០០​នាក់​(មិន​ រាប់​យុវជន​រុស្ស៊ី​ដែល​ជា​ម្ចាស់​ផ្ទះ)»។

លោក​បន្ថែម​ថា ប្រតិភូ​កម្ពុជា​បាន បង្ហាញ​ពី​វប្បធម៌​ទំនៀមទម្លាប់ ប្រពៃណី ប្រវត្តិសាស្រ្ត មនុស្សសាស្រ្ត និង​សង្គម​សាស្ត្រ​របស់​កម្ពុជា​ទៅ​ដល់​ពិភពលោក​ឲ្យ​បាន​ស្គាល់​កាន់តែ​ ច្បាស់​អំពី​កម្ពុជា។ លោក​សង្ឃឹម​ថា ឆ្លងតាម​ការ​ចែករំលែក​បទពិសោធ​នេះ វា​នឹង​អាច​ទាក់ទាញ​យុវជន​ពី​ប្រទេស​ដទៃ​ឲ្យ​មក​ទស្សនា​កម្ពុជា​នា​ថ្ងៃ​ អនាគត។

លោក​មរកត​បាន​ពោល​ថា៖ «វេទិកា​នេះ​បាន​ផ្តល់​ផលវិជ្ជមាន​ចំពោះ​កម្ពុជា ត្រង់​ថា ខ្ញុំ និង​យុវជន​កម្ពុជា​ផ្សេង​ទៀត​បាន​រួមគ្នា​ផ្សព្វផ្សាយ​អំពី​កម្ពុជា​តាមរយៈ​ ការ​ចូលរួម​យ៉ាង​ស្មើ​មុខ​ស្មើ​មាត់​ក្នុង​ការ​បញ្ចេញ​មតិយោបល់​ក្នុង​ កិច្ចពិភាក្សា​តាម​ក្រុម​នីមួយៗ និង​ជាពិសេស​ការ​សម្តែង​សមត្ថភាព​សិល្បៈ​បុរាណ និង​ការ​តាំង​បង្ហាញ​ផលិតផល​នានា ដូចជា​ថាស​រូប​អង្គរវត្ត ព្រឹត្តិបត្រ​ព័ត៌មាន​ទេសចរណ៍​ទៅ​ដល់​យុវជន​ជន​ដែល​បាន​ចូលរួម»។

គួរ​រំឭក​ផង​ដែរ​ថា វេទិកា​យុវជន បោះជំរំ​រដូវក្ដៅ​នេះ​មាន​ឈ្មោះ​ថា «INTERSELIGER » បាន​ចាប់ផ្តើម​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៥ ដែល​បាន​រៀបចំ​ឡើង​ដោយ​ទីភ្នាក់ងារ​សហព័ន្ធ​សម្រាប់​កិច្ចការងារ​យុវជន​នៃ​ ក្រសួង​អប់រំ និង​វិទ្យាសាស្ត្រ​សហព័ន្ធ​រុស្ស៊ី។នៅក្នុង​ឆ្នាំ​២០១០​កម្មវិធី​បាន​ ប្រែក្លាយ​ខ្លួន​ជា​វេទិកា​យុវជន​អន្តរជាតិ​សម្រាប់​អ្នកដឹកនាំ​វ័យ​ក្មេង ដែល​មកពី​បណ្តា​ប្រទេស​ផ្សេងៗ​មក​ជួបជុំ​គ្នា ដែល​មាន​យុវជន​៨០០​នាក់ មកពី​៨០​ប្រទេស បាន​ចូលរួម។

ក្នុង​ឆ្នាំ​២០១១ វេទិកា​យុវជន​អន្តរជាតិ «Interseliger» បាន​ផ្តួចផ្តើម​ឲ្យ​មាន​ការ​ដាក់​បញ្ចូល​នូវ​កម្មវិធី​សិក្សា​អប់រំ​ផ្សេងៗ ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​អ្នក​ជំនាញ​នានា​លើ​ពិភពលោក​មក​ធ្វើ​បទ​ បង្ហាញ។ ក្នុង​ឆ្នាំ​២០១២ វេទិកា​យុវជន​អន្តរជាតិ«Interseliger» ត្រូវ​បាន​ដាក់​បញ្ចូល​នៅក្នុង​វេបសាយ​របស់ Global Entrepreneurship Summer Schools ថា ជា​វេទិកា​ដែល​មាន​ការ​ទាក់ទាញ​បំផុត​ដល់​និស្សិត​អន្តរជាតិ​មួយ​ក្នុង​ ចំណោម​វេទិកា​អន្តរជាតិ​ធំៗ​ក្នុង​ពិភពលោក។

ក្នុង​ឆ្នាំ​២០១៣ យុវជន​ឆ្នើម​ចំនួន​១០០០ នាក់​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ចូលរួម​ក្នុង​កម្មវិធី​នេះ​ក្នុង​ចំណោម​ បេក្ខជន​ដែល​បាន​ដាក់​ពាក្យ​ចំនួន​៥០០០ នាក់ មកពី​១៣៩​ប្រទេស។

ប្រតិភូ​យុវជន​ដែល​ចូលរួម​ក្នុង​កម្មវិធី​នេះ​គឺ​មកពី​វិស័យ​ផ្សេងៗ​គ្នា ​រួម មាន​ហិរញ្ញវត្ថុ ៣៤​ភាគរយ អង្គការ​ក្រៅ​រដ្ឋាភិបាល ១៧​ភាគរយ ប្រព័ន្ធ​ផ្សព្វផ្សាយ ១៥​ភាគរយ សិល្បៈ ១៤​ភាគរយ ព័ត៌មានវិទ្យា ១១​ភាគរយ និង​នយោបាយ ៩​ភាគរយ​៕

លី សិរីរ័ត្ន

Credit: Phnom Penh Post

RELATED POST: Journey to InterSeliger Youth Forum, Tver,Russia

Advertisements